ចិនឈប់នាំចូលត្រីសាលម៉ុនពីអឺរ៉ុប ក្រោយរកឃើញវីរុសកូវីដ១៩ លើជ្រុញហាន់ត្រីនៅផ្សារប៉េកាំង

ប៉េកាំង ៖ ប្រទេសចិនសម្រេចឈប់នាំចូលត្រីសាលម៉ុន ពីសហគមន៍អឺរ៉ុប ដោយបារម្ភថា អ្នកនាំត្រីសាលមុនចូល ប្រហែលមានការពាក់ព័ន្ធនឹងការផ្ទុះជំងឺកូវីដ១៩ នៅផ្សារប៉េកាំង ទោះបីក្រុមអ្នកជំនាញថា ត្រីទំនងជាមិនអាចនាំជំងឺនេះមកទេ។

ថ្មីៗនេះ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ ចិនបានចុះផ្សាយថា ជំងឺកូរ៉ូណាត្រូវបានរកឃើញនៅលើជ្រុញហាន់ត្រីសាលម៉ុន នៅផ្សារ Xinfadi ស្ថិតក្នុងរដ្ឋធានីប៉េកាំង ដោយគេខ្លាចថា បង្កជាចង្កោមឆ្លង នាំឲ្យមានរលកទី២នៃជំងឺនេះ ក្នុងប្រទេសចិន។

លោក Regin Jacobsen នាយកប្រតិបត្តិក្រុមហ៊ុននាំចូលត្រីសាលមុន Bakkafrost បានឆ្លើយតបថា «យើងមិនអាចបញ្ជូនត្រីសាលម៉ុនទៅចិនទៀតទេ ពេលនេះ ទីផ្សារនេះបានបិទហើយ»។ លោកបន្ថែមថា «យើងឈប់លក់ទាំងអស់ទៅចិន ហើយរង់ចាំស្ថានភាពបញ្ជាក់ឲ្យច្បាស់លាស់សិន»។

យោងតាមក្រុមហ៊ុនត្រីសាលម៉ុន Bakkafrost របស់ប្រទេសន័រវ៉េសមួយនេះថា ចិននាំចូលត្រីសាល់ម៉ុន ៥ភាគរយ នៃទំហំសរុបរបស់ក្រុមហ៊ុន៕