រដ្ឋបាលខេត្តក្រចេះបើកកិច្ចប្រជុំពិភាក្សាផ្លាស់ប្តូរ កែសម្រួលផែនការត្រៀមបំរុងឆ្លើយតបសង្រ្គោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់ និងរាំងស្ងួត

ខេត្តក្រចេះ ៖ នាព្រឹកថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម ប៉ែន លីណាត អភិបាលរងខេត្ត បានដឹកនាំកិច្ចប្រជុំស្តីពីផែនការកំណត់លើអត្តសញ្ញាណ នៃគ្រោះមហន្តរាយ ដោយមានការចូលរួមពី លោកអភិបាលស្រុក ក្រុងទាំង៦ និងគ្រប់បណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងតំណាងអង្គការជាតិជាច្រើនរូបទៀតផងដែរ។

ឯកឧត្តម ប៉ែន លីណាត អភិបាលរងខេត្តមានប្រសាសន៍ថា កិច្ចប្រជុំនាពេលព្រឹកនេះសំដៅលើការផ្លាស់ប្តូរផែនការចាស់ឲ្យស្រប និងស៊ីគ្នាទៅនឹងថ្នាក់ជាតិ ហើយផែនការថ្នាក់ជាតិឲ្យស្របតាមអាស៊ាន  និងដើម្បីងាយទទួលបាននូវទិន្នន័យនៅតាមបណ្តាស្រុក ក្រុង និងតាមបណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធយើងក្នុងខេត្តក្រចេះទាំងមូល ជុំវិញករណីពាក់ព័ន្ធនានាទៅនឹងគ្រោះមហន្តរាយ ហើយនិងងាយស្រួលក្នុងការកំណត់អត្តសញ្ញាណទៅក្នុងតារាងទិន្នន័យផ្សេងៗគ្នាឲ្យមានភាពច្បាស់លាស់។

ឯកឧត្តមនអភិបាលរងក៏បានក្រើនរំលឹក និងជំរុញដល់បណ្តាស្រុក ក្រុង និងអ្គភាព មន្ទីរពាក់ព័ន្ធទាំងអស់មេត្តាជួយផ្តល់ទិន្នន័យឲ្យបានទាន់ពេលវេលាដែលបានកំណត់ និងមន្ទីរជំនាញត្រូវត្រៀមលក្ខណៈឲ្យបានល្អក្នុងការជួយសង្រ្គោះ បន្ទាន់គ្រប់ហេតុការណ៍ដែលប្រធានសក័មកដល់៕