បណ្តឹង​សម្តេច​តេ​ជោ​-ឌី វិជ្ជា​៖​តុលាការ​បារាំង​ចោទប្រកាន់​សម រង្ស៊ី​ពីបទ​បរិហាកេរ្តិ៍​ជា​សាធារណៈ​

ភ្នំពេញ​៖​ចៅក្រម​ស៊ើបសួរ នៃ​តុលាការ​ព្រហ្មទណ្ឌ​ទីក្រុង​ប៉ារីស បានសម្រេច​ដាក់​បុគ្គល​ឈ្មោះ សម រង្ស៊ី ស្ថិតនៅក្រោម​ការចោទប្រកាន់​ពីបទ បរិហាកេរ្តិ៍​ជា​សាធារណៈ​លើ​បុគ្គល កាលពី​ថ្ងៃទី​៨ ខែ មិថុនា ឆ្នាំ​២០២០​។

ការចោទប្រកាន់​នេះ គឺ​ត្រូវបាន​ធ្វើឡើង​ចំពោះ​គ្រប់​ពាក្យសម្តី​ចោទប្រកាន់ ទាំងអស់​ដែល​បានលើកឡើង​នៅក្នុង​ពាក្យបណ្តឹង​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា អគ្គ​ស្នងការរង​នគរបាលជាតិ កាលពី​ថ្ងៃទី​២០​ខែសីហា ឆ្នាំ​២០១៩​។​

​ចៅក្រម​ស៊ើបសួរ​បារាំង​បាន​ចាត់ទុកថា មាន​តម្រុយ​និង​ភស្តុតាង​គ្រប់គ្រាន់​និង​ស៊ីសង្វាក់ ដែល​អាច​បញ្ជាក់ថា បុគ្គល សម រង្ស៊ី បាន​ប្រព្រឹត្ត​បទល្មើស​ដែល​បាន​ចោទប្រកាន់​។ សូមបញ្ជាក់​ផងដែរ​ថា បុគ្គល​សម រង្ស៊ី មិនបាន​ធ្វើការ​ជំទាស់​នឹង​ពាក្យសម្ដី​របស់ខ្លួន​ដែល​ត្រូវបាន​ចោទប្រកាន់​នោះទេ​។ ដូច្នេះ​ការបញ្ជូន​បុគ្គល សម រង្ស៊ី ទៅ​តុលាការ​ព្រហ្មទណ្ឌ​ប៉ារីស​ដើម្បី​កាត់ទោស គឺជា​រឿង​មិនអាច​ចៀសផុត​ឡើយ​។​

លោក គី តិច ប្រធាន​ក្រុម​មេធាវី​រាជរដ្ឋាភិបាល ដែល​ទទួល​ព័ត៌មាន​ផ្ទាល់​ពី​មេធាវី​បារាំង​ការពារ​ក្តី​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា នៅ​ទីក្រុង​ប៉ារីស បានឱ្យដឹង​កាលពី​រសៀល​ថ្ងៃទី​១៨ ខែមិថុនា​ឆ្នាំ​២០២០​ថា “​ព័ត៌មាន​នេះ យើង​ទទួលបាន​ពី​មេធាវី​ការពារ​ក្តី​លើ​បណ្តឹង​របស់​សម្តេច​តេ​ជោ និង​បណ្តឹង​របស់​ឯកឧត្តម ឌី វិជ្ជា នៅ​ប្រទេស​បារាំង​។​

​ចៅក្រម​ស៊ើបសួរ នៃ​តុលាការ​ព្រហ្មទណ្ឌ​បារាំង​បានធ្វើការ​ចោទប្រកាន់​នេះ តាំងពី​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២០ កន្លងមក ។​ព័ត៌មាន​នេះ គឺ​យើង​ទទួលបាន​ត​ពី​មេធាវី​ការពារ​ក្តី​ជូន​សម្តេច​តេ​ជោ និង​ការពារ​ក្តី​ជូន​ឯកឧត្តម ឌី វិជ្ជា ហើយ​ផ្ញើមក​ក្រុម​មេធាវី​រដ្ឋាភិបាល​កម្ពុជា​យើង​”​។​

​គួរ​បញ្ជាក់ថា សម្តេច​តេ​ជោ ហ៊ុន សែន និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា កាលពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៩ តាមរយៈ​មេធាវី​រាជរដ្ឋាភិបាល​កម្ពុជា និង​មេធាវី​បារាំង បានដាក់​ពាក្យបណ្តឹង​ជា​ផ្លូវការ​ពីរ​ផ្សេងគ្នា​ដាច់ដោយឡែក ដើម្បី​ប្តឹង​បុគ្គល សម រ​ង្ស៉ី ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​ចំពោះ​បុគ្គល ទៅកាន់​តុលាការ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​។

ការប្តឹង​នេះ គឺ​សម្តេច​តេ​ជោ ហ៊ុន សែន និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា បាន​ពឹងពាក់​មេធាវី​ជនជាតិ​បារាំង​ចំនួន​បី​រូប​ដែល​សុទ្ធសឹងតែ​ជា​មេធាវី​ល្បីៗ​នៅ​បារាំង​។​មេធាវី​ទាំងបី​រូប​មានដូចជាៈ​ទី​១.​លោក​Brosselet​។​ទី​២.​លោក Doyez និង​ទី​៣.​លោក​Leick​។​

​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​មេធាវី​បារាំង ដែល​ការពារ​ក្តី​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា “​សម្តេច​តេ​ជោ ហ៊ុន សែន បានដាក់​ពាក្យ​ប្តឹង​បុគ្គល​សម រ​ង្ស៉ី ចំពោះ​សារ​ដែល​បុគ្គល​នេះ បានដាក់​ផ្សាយ​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​។​ជាមួយ​សម្ដី​ដែល​បុគ្គល​នេះ​បាន​និយាយ​នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក​ភាសា​ខ្មែរ​(VOA) ដែលមាន​និន្នាការ​ទៅរក​អតីត​បក្សប្រឆាំង ។​

ក្នុងនោះ​បុគ្គល សម រ​ង្ស៉ី បានធ្វើការ​ចោទប្រកាន់​យ៉ាង​ឆ្កួត​លីលា និង​ធ្ងន់ធ្ងរ​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន​។ បុគ្គល សម រ​ង្ស៉ី បាន​អះអាង​ដោយ​មួលបង្កាច់​ថា​១.​សម្តេច​តេ​ជោ បានសម្លាប់ ឬ​ជា​មេខ្លោង​ឱ្យគេ​សម្លាប់​ឯកឧត្តម​ហុក​ឡងឌី​។ ២.​សម្តេច​តេ​ជោ បាន​បញ្ជា​ឱ្យ​សម្លាប់​លោក ជា វិជ្ជា និង​ចុងក្រោយ​។

៣. សម្តេច​តេ​ជោ បាន​ភូតកុហក​អំពី​មូលហេតុ​នៃ​ការស្លាប់​របស់​ឯកឧត្តម ហុក ឡងឌី ដោយ​កុហកថា ឧទ្ធម្ភាគចក្រ​ដែល​ក្នុងនោះ​ឯកឧត្តម ហុក ឡងឌី បានទទួល​មរណភាព គឺ​ត្រូវ​រន្ទះបាញ់ ខណៈដែល​បុគ្គល សម រ​ង្ស៉ី អះអាងថា ឧទ្ធម្ភាគចក្រ​នេះ​ត្រូវបាន​ផ្ទុះ​ដោយ​គ្រាប់បែក​ដែល​បានដាក់​បង្កប់​នៅក្នុង​នោះ​។ ទាំងនេះ​ជាការ​ចោទប្រកាន់​បែប​បរិហារកេរ្តិ៍ ដែល​ត្រូវបាន​ផ្សព្វផ្សាយ​នៅក្នុង​ទំព័រ ហ្វេ​ស​ប៊ុ​ក​របស់​បុគ្គល សម រ​ង្ស៉ី​។

​តាម​មនសិការ និង​បុគ្គលិកលក្ខណៈ​ផ្ទាល់ខ្លួន និង​នយោបាយ​របស់​សម្តេច​តេ​ជោ ដែល​តែងតែ​អន់ឱន​និង​អនុគ្រោះ សន្ដោស​ប្រណី​ចំពោះ​ជនរួមជាតិ​របស់​សម្តេច​។ សម្តេច​តេ​ជោ មិន​ចង់​ប្តឹង​បុគ្គល​សម រ​ង្ស៉ី នោះទេ​។ ប៉ុន្តែ​ការចោទប្រកាន់​ខាងលើនេះ គឺ​មិនអាច​អត់ឱន​ឱ្យបាន​ជាដាច់ខាត និង​ជា​មូលហេតុ​ដែលនាំឱ្យ​សម្តេច​តេ​ជោ បានសម្រេច​ចិត្ត​ប្តឹង​បុគ្គល​ម្នាក់​ដែលជា​ជនរួមជាតិ​របស់​សម្តេច​។ តុលាការ​បារាំង នឹងត្រូវ​ធ្វើការ​វិនិឆ្ឆ័យ​ថា ករណីនេះ​គឺជា​ការរំលោភបំពាន​លើ​ដែន​នៃ​សេរីភាព​បញ្ចេញមតិ​”​។​

​ចំណែក​សេចក្តីប្រកាស​ព័ត៌មាន​របស់​មេធាវី​បារាំង​ការពារ​ក្តី​ជូន​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា បាន​បញ្ជាក់ថា “​ឯកឧត្តម ឌី វិជ្ជា បាន​ប្តឹង​បុគ្គល​សមរង្សី​ចំពោះ​សារ​មួយ​ដែល​បុគ្គល​នេះ​បានដាក់​ផ្សាយ​​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​។ បុគ្គល​សម រង្ស៊ី បាន​ចោទប្រកាន់ ឯកឧត្តម ឌី វិជ្ជា ដោយ​បំពាន​និង​ដោយ​ខុសស្រឡះ​ថា ឯកឧត្តម ឌី វិជ្ជា បាន​ជឿជាក់ថា​ឪពុក​របស់គាត់​ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន សម្លាប់​។

​បុគ្គល​សម រង្សី បាន​អះអាង​ដោយ​មួលបង្កាច់​ថា ឯកឧត្តម ឌី វិជ្ជា មាន​ចេតនា «​សងសឹក​» ចំពោះ​ការសម្លាប់​ឪពុក​របស់ខ្លួន​ហើយ ដើម្បី​សម្រេច​កិច្ចការ​នេះ ឯកឧត្តម ឌី វិជ្ជា ត្រូវ​រៀបចំ​ផែនកា​សងសឹក​នេះ​ដោយ​រួម​ដៃ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ដែល​កំពុង​កាន់តំណែង​។​ឯកឧត្តម​ឌី​វិជ្ជា​មិនអាច​ទទួលយក​ការទម្លាក់​កំហុស បែប​បរិហារកេរ្តិ៍​នេះ​បានទេ​។

​បើតាម​ការពិនិត្យ​ទៅលើ​ពាក្យពេចន៍​ដែល​បុគ្គល​សម រង្សី បាន​ប្រើ (​ពាក្យ «​សងសឹក​» និង «​ផែនការ​») គឺជា​ការចោទប្រកាន់ថា ឯកឧត្តម​ពិតជា​មានបំណង​ធ្វើ​សកម្មភាព​ដោយ​ខុសច្បាប់ ដើម្បី​សងសឹក​ចំពោះ​ឧក្រិដ្ឋកម្ម​លើ​ឪពុក​របស់ខ្លួន​។ ការនិយាយ​ចោទប្រកាន់​ដោយ​បុគ្គល​សមរង្សី​នេះ បាន​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​បំផុត​ចំពោះ​កិត្តិយស​និង កិត្តិ​ស័ព្ទ​របស់​ឯកឧត្តម ឌី​វិជ្ជា​តម្រូវឱ្យ​ឯកឧត្តម​ដាក់ពាក្យ​បណ្តឹង​ទៅ​តុលាការ​”៕