​កូរ៉េខាងជើង​កាត់ផ្តាច់​ខ្សែបណ្តាញ​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងត្បូង​

អន្តរជាតិ​៖​បណ្តាញសារព័ត៌មានរ​ដ្ឋ​បាន​និយាយថា កូរ៉េខាងជើង​នឹង​កាត់ផ្តាច់​បណ្តាញ​ទំនាក់ទំនង​យោធា​និង​នយោបាយ​ជាមួយ “​សត្រូវ​កូរ៉េខាងត្បូង “​នៅ​ថ្ងៃ​អង្គារ​ទី​៩​ខែមិថុនា​ឆ្នាំ​២០២០ បន្ទាប់ពី​មានការ​គំរាមកំហែង​ដោយសារតែ​ក្រុម​សកម្មជន​បង្ហោះ​ខិត្តប័ណ្ណ​ឆ្លងកាត់​ព្រំដែន​ប្រឆាំង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​។​

​ការគំរាមកំហែង​នេះ​កើតឡើង​ស្របពេល​ទំនាក់ទំនង​អន្តរ​កូរ៉េ​ស្ថិតនៅក្នុង​ស្ថានភាព​ជាប់គាំង ទោះបី​មាន​ជំនួប​កំពូល​៣​លើក​រវាង​លោក​គីម ជុង​អ៊ុន មេដឹកនាំ​កូរ៉េខាងជើង​និង​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូ​ន ជែ​អ៊ី​ន កាលពី​ឆ្នាំ​២០១៨ ក៏ដោយ​។​

ទីភ្នាក់ងារសារព័ត៌មាន​កូរ៉េ​KCNA​បាន​និយាយថា រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​នឹង​កាត់ផ្តាច់​និង​បិទ​បណ្តាញ​ទំនាក់ទំនង​ទាំងស្រុង​រវាង​ក្រុម​អាជ្ញាធរ​កូរ៉េខាងជើង​និង​កូរ៉េខាងត្បូង​។​ដែល​បានធ្វើ​ទំនាក់ទំនង​គ្នា​តាមរយៈ​ការិយាល័យ​ទំនាក់ទំនង​រួមគ្នា​កូរ៉េខាងជើង​- កូរ៉េខាងត្បូង ហើយក៏​នឹង​កាត់ផ្តាច់​បណ្តាញ​ទំនាក់ទំនង​ផ្សេងទៀត​ផងដែរ ចាប់ពី​ម៉ោង ១២ : ០០ នៅ​ថ្ងៃទី​៩​ខែមិថុនា​នេះ​។​

KCNA​បាន​និយាយថា ការ​កាត់ផ្តាច់​បណ្តាញ​ទំនាក់ទំនង​នេះ គឺ រួមបញ្ចូល​ទាំង​បណ្តាញទូរស័ព្ទ​បន្ទាន់ hotline រវាង​គណៈកម្មាធិការ​កណ្តាល​នៃ​បក្ស​ពលករ​កូរ៉េ​និង វិមាន Blue House របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង​។​

លោកស្រី​គីម យ៉ូ ចុង ប្អូនស្រី​ដ៏​មាន​ឥទ្ធិពល​របស់លោក​គីម​ជុង​អ៊ុន ក៏បាន​គំរាម​លុបចោល​កិច្ចព្រមព្រៀង​យោធា​ដែល​បាន​ចុះហត្ថលេខា​ជាមួយ​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​ផងដែរ ។​លុះត្រាតែ​កូរ៉េខាងត្បូង​បញ្ឈប់​កុំឱ្យ​ក្រុម​សកម្មជន​បង្ហោះ​ខិត្តប័ណ្ណ​ប្រឆាំង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​នៅ​ព្រំដែន​៕​