លោកជំទាវ ឱ វណ្ណឌីន ជំរុញអាជ្ញាធរ និងមន្រ្តីសុខាភិបាលខេត្តមណ្ឌលគិរីសហការគ្នាទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩កុំឲ្យមានរលកទី២

ខេត្តមណ្ឌលគិរី ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រសួងសុខាភិបាល ដឹកនាំដោយលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងលោកស្រី Ailan Li ប្រធានអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ក្នុងការ បង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ និងកំចាត់ជំងឺគ្រុនចាញ់ ដោយមានការចូលរួមពីអង្គការដៃគូជាតិ និងអង្គការអន្តរជាតិ មន្រ្តីនៃមន្ទីរសុខាភិបាល ព្រមទាំងក្រុមវេជ្ជបណ្ឌិតជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០។
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានលើកឡើងថា ខេត្តមណ្ឌលគិរី គឺជាគោលដៅទេសចរណ៍មួយយ៉ាងសំខាន់ ប្រចាំភាគឦសាននៃប្រទេសកម្ពុជា ដែលសព្វថ្ងៃ ខេត្តមួយនេះ ត្រូវបាននិងកំពុងមានលំហូរចូលភ្ញៀវជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ ហើយអ្នកទេសចរជាច្រើន ដែលកំពុងសម្រុកចូលមកលេងនៅខេត្តនេះ មានការធ្វេសប្រហែស ដោយពុំបានពាក់ម៉ាស ឱ្យបានត្រឹមត្រូវនោះទេ។ កត្តានេះហើយ ដែលលោកជំទាវ បានធ្វើការអំពាវនាវដល់ភ្ញៀវចូលមកកម្សាន្តទីនេះក្តី និងទីផ្សេងៗក្តី កុំលែងដៃ ឬធ្វេសប្រហែសឱ្យសោះ។

លោកជំទាវ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថា «ចូរយើងកុំភ្លេចកូវីដ១៩ ព្រោះកូវីដ១៩ មិនភ្លេចយើងទេ»។ ទន្ទឹមនោះលោកជំទាវ ឱ វណ្ណឌីន បានជំរុញអាជ្ញាធរខេត្ត និងមន្រ្តីសុខាភិបាល ត្រូវរួមសហការគ្នា ដើម្បីធ្វើការទប់ស្កាត់ កុំឱ្យកើតមានការឆ្លងជំងឺកូវីដ១៩ ដែលជារលកទី២ និងកំចាត់ជំងឺគ្រុនចាញ់នៅខេត្តមណ្ឌលគិរី ហើយក៏អំពាវនាវ និងផ្តាំផ្ញើដល់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ កុំភ្លេចការធ្វើអនាម័យឱ្យបានត្រឹមត្រូវ ដោយលាងដៃនឹងសាប៊ូឱ្យបានញឹកញាប់ ដោយអាល់កុល ឬជែល ពាក់ម៉ាសឲ្យបានត្រឹមត្រូវ ការអនុវត្តគម្លាតបុគ្គល និងសង្គមឲ្យបានល្អប្រសើរ។

ជាមួយគ្នានោះ លោកជំទាវ ថែមទាំងបានផ្តាំផ្ញើដល់អាជ្ញាធរ និងមន្រ្តីជំនាញសុខាភិបាលឱ្យណែនាំចំពោះម្ចាស់ ភោជនីយដ្ឋាន តាមរមណីយដ្ឋាន ផ្ទះសំណាក់ អូរតែល ឱ្យមានការធ្វើអនាម័យឱ្យបានល្អជាប្រចាំ តាមការណែនាំពីមន្រ្តីសុខាភិបាល និងអាជ្ញាធរ ជាពិសេស តម្រូវឱ្យមានការចូលរួមសហការពីសហគមន៍ផងដែរ។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានឱ្យដឹងថា កន្លងមក ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល នូវវិធានការ បង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ អាជ្ញាធរខេត្ត ក៏បានបង្កើតគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូដ១៩ ថែមទាំង បានត្រៀមបន្ទប់ទុកជាមុន នៅតាមបណ្តាក្រុង/ស្រុក ក្នុងករណីមានអ្នកសង្ស័យ ឫផ្ទុកជំងឺកូវីដ១៩ និងបានផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋនៅតាមបណ្តាក្រុង/ស្រុកទាំង០៥ក្នុងខេត្ត និងនៅតាមសហគមន៍ ឱ្យចូលរួមធ្វើអនាម័យជាប្រចាំ និងបានចាត់មន្រ្តីចត្តាឡីស័ក ប្រចាំនៅព្រំប្រទល់ខេត្តមណ្ឌលគិរី ក្រចេះ និងខេត្តរតនគិរី ដើម្បីធ្វើការពិនិត្យ និងវ៉ាស់កំដៅជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរដែលមកខេត្តមណ្ឌលគិរីនេះផងដែរ៕