​បញ្ជូន​មុខសញ្ញា​គាស់​ផ្ទះ​យក​ទ្រព្យសម្បត្តិ​អស់​ជាង​៣​ម៉ឺន​ដុល្លារ​ទៅ​តុលាការ​

ស្ទឹងត្រែង​៖​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​បាន​បញ្ជូន​មុខសញ្ញា​គាស់​ផ្ទះ​ពលរដ្ឋ​យក​ទ្រព្យសម្បត្តិ​អស់​ជាង​៣​ម៉ឺន​ដុល្លារ​ទៅ​តុលាការ​កាលពី​ល្ងាច​ថ្ងៃទី​១១​ខែមិថុនា​ឆ្នាំ​២០២០​។​សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី​៦​ខែមិថុនា​ឆ្នាំ​២០២០​មាន​ករណី​ចោរលួច​គាស់​ផ្ទះ​យក​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​មួយកន្លែង នៅ​ចំណុច​ភូមិ​ថ្ម​លាត សង្កាត់​ស្រះ​ឫស្សី ក្រុង​ស្ទឹងត្រែង​។​

​ក្រោយពី​មាន​ករណី​កើតឡើង​ប្រជាពលរដ្ឋ​បានមក​ដាក់ពាក្យ​បណ្ដឹង​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​។​បន្ទាប់មក​ដោយមាន​កា​រ​បញ្ជា​ផ្ទា​ល់ពី នាយ​ឧ​ត្ត​ម​សេនីយ៍​សៅ​សុខា​អគ្គ​មេបញ្ជាការរង និង​ជា​មេ​បញ្ជា​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ព្រមទាំង​ដឹកនាំ​ផ្ទាល់​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​អៀង​វ៉ាន់ឌី​មេបញ្ជាការ​អាវុធហត្ថ​ខេត្តស្ទឹងត្រែង​សហការ​ជាមួយ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​, ព្រះវិហារ​, បន្ទាយមានជ័យ​, ឧ​ត្ត​រ​មានជ័យ និង​ខេត្តសៀមរាប​បើក​ប្រតិបត្តិការ​តាម​ចាប់​មុខសញ្ញា​។

តាម​ប្រភពព័ត៌មាន​ពី​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​បាន​បញ្ជាក់ថា​ជនសង្ស័យ​ដែល​សមត្ថកិច្ច​បង្ក្រាបបាន​ឈ្មោះ​ប៉ិច​ផា​ណ្ណៈ​អាយុ​៣៦​ឆ្នាំ​បានធ្វើ​សកម្មភាព​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​គាស់​ទម្លុះទម្លាយ​)​និង​យក​ទ្រព្យសម្បត្តិ​សរុប​ជាង​៣៦.០០០​ដុល្លារ​កាលពី​ថ្ងៃទី​៦​ខែមិថុនា​ឆ្នាំ​២០២០​កន្លងទៅ​នៅ​ចំណុច​ភូមិ​ថ្ម​លាត សង្កាត់​ស្រះ​ឫស្សី ក្រុង​ស្ទឹងត្រែង​។​

ក្រោយ​ទទួលបាន​ពាក្យបណ្ដឹង​ពី​ប្រជាពលរដ្ឋ​បទបញ្ជា​ពី​ថ្នាក់លើ​អាវុធហត្ថ​ខេត្តស្ទឹងត្រែង​តាម​ចាប់​មុខសញ្ញា​និង​សហការ​ជាមួយ​អាវុធហត្ថ​ខេត្ត​ដទៃទៀត​រហូត​ឈានដល់​ឃាត់ខ្លួន​ជន​ជនសង្ស័យ​កាលពី​ថ្ងៃទី​៨​ខែមិថុនា​នៅ​ស្រុក​ក្រឡាញ់​ខេត្តសៀមរាប​។​

បន្ទាប់ពី​ឃាត់ខ្លួន​ជនសង្ស័យ​ត្រូវបាន​បញ្ជូន​មកកាន់​ខេត្តស្ទឹងត្រែង​វិញ​។​កាលពី​ថ្ងៃទី​១១​ខែមិថុនា​ឆ្នាំ​២០២០​អាវុធហត្ថ​ខេត្តស្ទឹងត្រែង​បាន​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ផ្ដន្ទាទោស​តាមច្បាប់​។​

ដោយឡែក​ទ្រព្យសម្បត្តិ​របស់​ជនរ​ង​គ្រោះ​ដោយមាន​ការអនុញ្ញាត​ពី​លោក​ជេ​ត​ខេមរា​ត្រូវបាន​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​អាវុធហត្ថ​ខេត្តស្ទឹងត្រែង​បានប្រគល់​ជូន​ជនរងគ្រោះ​វិញ​។​
​ប្រភព​ជី​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​១២​ខែមិថុនា​នេះ​ថា​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​ចូល​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ដែលមាន​តម្លៃ​ជាង​៣​ម៉ឺន​ដុល្លារ​កំពុង​បន្ត​នីតិវិធី​នៅ​តុលាការ​៕​